ទាំងនេះជាអ្វីដែលយើងបានដឹងពី iPhone 12 Series មុនពេលពួកវាប្រកាសចេញជាផ្លូវការ


ខុសពី iPhone 11 Series ដោយនៅក្នុងឆ្នាំនេះ iPhone 12 Series នឹងត្រូវបែងចែកចេញជា 4 ម៉ូឌែល ដោយក្នុងនោះរួមមានដូចជា iPhone 12 mini, iPhone 12, iPhon

.

iPhone ជំនាន់ថ្មី ឬមនុស្សភាគច្រើនហៅថា iPhone 12 Series ត្រូវបានគេរំពឹងថានឹងត្រូវប្រកាសចេញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ពិសេស “Hi, Speed.” របស់ Apple ដែលនឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី 13 ខែតុលា ឆ្នាំ 2020 ខាងមុខនេះ។ អញ្ចឹងបើគិតចាប់ពីពេលនេះទៅ នៅសល់រយៈពេលតែ 1 ថ្ងៃជាងទៀតប៉ុណ្ណោះ iPhone 12 Series យើងនឹងបានឃើញរចនាបថរូបរាងផ្លូវការរបស់ពួកវាហើយ។ ដូច្នេះនៅក្នុងថ្ងៃនេះ យើងចង់លើកយកលក្ខណៈសម្បត្តិរបស់ iPhone 12 Series ដែលយើងបានដឹងតាមរយៈព័ត៌មានដែលទទួលបានកន្លងមក មកបង្ហាញជូនឲ្យប្រិយមិត្តទាំងអស់គ្នាបានដឹង។

ម៉ូឌែល និង រចនាបថរូបរាង

ខុសពី iPhone 11 Series ដោយនៅក្នុងឆ្នាំនេះ iPhone 12 Series នឹងត្រូវបែងចែកចេញជា 4 ម៉ូឌែល ដោយក្នុងនោះរួមមានដូចជា iPhone 12 mini, iPhone 12, iPhone 12 Pro និង iPhone 12 Pro Max។ ទៅលើផ្នែករចនាបថរូបរាងផ្នែកខាងមុខ និងខាងក្រោយ iPhone 12 Series ត្រូវបានគេជឿថា នឹងមានលក្ខណៈស្រដៀងគ្នាទៅនឹង iPhone 11 Series អញ្ចឹងដែរ ដោយ iPhone 12 Series នឹងភ្ជាប់មកជាមួយថ្ងាសឆក ក៏ដូចជាទម្រង់កាមេរ៉ាក្រោយរាងការ៉េ ស្ថិតនៅជ្រុងខាងឆ្វេងនៃផ្នែកខាងលើដដែល។ អ្វីដែលខុសគ្នានោះ គឺ iPhone 12 Series នឹងភ្ជាប់មកជាមួយស៊ុមព័ទ្ធជុំវិញថ្មី មានលក្ខណៈស្រដៀងទៅនឹង iPhone 4 ឬក៏ iPhone 5 អញ្ចឹងដែរ។

អេក្រង់ និងកាមេរ៉ា

iPhone 12 Series នឹងភ្ជាប់មកជាមួយជម្រើសទំហំអេក្រង់សរុបចំនួន 3 ដោយ iPhone 12 mini នឹងមានអេក្រង់ទំហំ 5.4 អ៊ីញ, iPhone 12 និង 12 Pro នឹងមានអេក្រង់ទំហំ 6.1 អ៊ីញ ខណៈដែល iPhone 12 Pro Max នឹងមានអេក្រង់ទំហំ 6.7 អ៊ីញ។ ខុសពី iPhone 11 Series ដោយ iPhone 12 Series នឹងបំពាក់មកជាមួយអេក្រង់ OLED គ្រប់ម៉ូឌែលតែម្តង ដូច្នេះមានន័យថា iPhone 12 mini និង iPhone 12 ក៏នឹងបំពាក់មកជាមួយអេក្រង់ OLED ដូចទៅនឹង iPhone 12 ម៉ូឌែល Pro ទាំង 2 ផងដែរ។ សម្រាប់ផ្នែកកាមេរ៉ា iPhone 12 mini និង iPhone 12 នឹងបំពាក់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ និងកាមេរ៉ាក្រោយសរុបចំនួន 2 គ្រាប់ ( Wide + Ultra Wide) ។ ខណៈដែល iPhone 12 Pro និង iPhone 12 Pro Max នឹងបំពាក់មកជាមួយកាមរ៉ាមុខ 1 គ្រាប់ ក៏ដូចជាកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ (Wide + Ultra + Telephoto) គួបផ្សំជាមួយសេនស័រ LiDAR ថ្មី 1 គ្រាប់បន្ថែមទៀតផងដែរ។ លើសពីនេះ កាមេរ៉ាក្រោយរបស់ iPhone 12 Pro និង 12 Pro Max ក៏អាចនឹងមានទំហំសេនស័រធំជាងមុន និងមានសមត្ថភាពធ្វើការបានល្អជាងមុន ក៏ដូចជាអាច Zoom បានឆ្ងាយថែមទៀតផង។

កម្លាំងម៉ាស៊ីន និងអង្គផ្ទុកទិន្នន័យ

ចំពោះកម្លាំងម៉ាស៊ីន iPhone 12 Series នឹងប្រើប្រាស់បន្ទះឈីបលំដាប់កំពូល A14 Bionic ទំហំ 5nm មាន CPU ចំនួន 6 Core និង GPU ចំនួន 4 Cores ហើយបើប្រៀបធៀបជាមួយបន្ទះឈីប A12 Bionic ទំហំ 7nm វាមានល្បឿន CPU លឿនជាងមុន 40% និងមានល្បឿន GPU លឿនជាងមុន 30%។ ជាងនេះទៅទៀត iPhone 12 Series ក៏បានភ្ជាប់មកជាមួយ RAM ទំហំ 4GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 64/128/256GB (iPhone 12 mini iPhone 12) ក៏ដូចជា RAM ទំហំ 6GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/256/512GB  (iPhone 12 Pro iPhone 12 Pro Max) ផងដែរ។

ថាមពលថ្ម 

iPhone 12 Series អាចនឹងបង្ហាញខ្លួនមកជាមួយថាមពលថ្មតូចជាង iPhone 11 Series ដោយ iPhone 12 mini នឹងបំពាក់មកជាមួយថ្មទំហំ 2,227mAh ខណៈដែល iPhone 12 នឹងបំពាក់មកជាមួយថ្មទំហំ 2,775mAh។ ចំណែកឯ iPhone 12 Pro នឹងបំពាក់មកជាមួយថ្មទំហំ 2,815mAh រីឯ iPhone 12 Pro Max នឹងបំពាក់មកជាមួយថ្មទំហំ 3,687mAh។ ថ្វីត្បិតតែ iPhone 12 Series អាចនឹងមានទំហំថាមពលថ្មតូចជាង iPhone 11 Series ក៏ពិតមែន ប៉ុន្តែពួកវាត្រូវបានគេរំពឹងថា នឹងអាចប្រើប្រាស់បានយូរជាង iPhone 11 Series ព្រោះថាបន្ទះឈីប A14 Bionic ទំហំ 5nm ប្រើប្រាស់ថាមពលតិចជាងមុនខ្ទង់ប្រហែលជា 30% ឯណោះ។

 

លក្ខណៈសម្បត្តិពិសេស និងជម្រើសពណ៌

ក្រៅពីលក្ខណៈសម្បត្តិដែលបានរៀបរាប់ពីខាងលើនេះហើយ iPhone 12 Series ក៏នៅមានលក្ខណៈសម្បត្តិពិសេសមួយចំនួនផ្សេងទៀតផងដែរ ក្នុងនោះមានដូចជា អាចគាំទ្របច្ចេកវិទ្យា 5G, បច្ចេកវិទ្យាសាកថ្មឥតខ្សែ MagSafe កម្លាំង 15W, បច្ចេកវិទ្យាអាវក្រោះការពារទឹក និងធូលីកម្រិត IP68, បច្ចេកវិទ្យាស្កេនផ្ទៃមុខដោះសោរ Face ID ជំនាន់ថ្មី, មានកម្រាស់តួខ្លួនស្តើងជាងមុន ក៏ដូចជាអាចភ្ជាប់មកជាមួយខ្សែសាកថ្ម USB-C ទៅ Lightning ប្រភេទថ្មី ដែលមានគុណភាពល្អជាងមុនថែមទៀតផង។ iPhone 12 mini និង iPhone 12 អាចនឹងកើតមកជាមួយជម្រើសពណ៌សរុបចំនួន 5 ដោយក្នុងនោះរួមមានដូចជា ពណ៌ខ្មៅ, ស, ក្រហម, ខៀវ និងពណ៌បៃតង ខណៈដែល iPhone 12 Pro និង 12 Pro Max អាចនឹងកើតមកជាមកជាមួយជម្រើសពណ៌សរុបចំនួន 4 ដោយក្នុងនោះរួមមានដូចជា ពណ៌មាស, ទឹកប្រាក់, ខ្មៅ និងពណ៌ខៀវ។

តម្លៃ និងថ្ងៃដាក់លក់ជាផ្លូវការ

iPhone 12 mini អាចនឹងមានតម្លៃខ្ទង់ ២ លាន ៧៩ ម៉ឺន ៦ ពាន់រៀល (699 ដុល្លារ) ឡើងទៅ ខណៈដែល iPhone 12 អាចនឹងមានតម្លៃខ្ទង់ ៣ លាន ១៩ ម៉ឺន ៦ ពាន់រៀល (799 ដុល្លារ) ឡើងទៅ។ ចំណែកឯ iPhone 12 Pro អាចនឹងមានតម្លៃខ្ទង់ ៣ លាន ៩៩ ម៉ឺន ៦ ពាន់រៀល (999 ដុល្លារ) ឡើងទៅ ខណៈដែល iPhone 12 Pro Max អាចនឹងមានតម្លៃខ្ទង់ ៤ លាន ៣៩ ម៉ឺន ៦ ពាន់រៀល (1,099 ដុល្លារ) ឡើងទៅ។ សម្រាប់ថ្ងៃដាក់លក់ជាផ្លូវការវិញ iPhone 12 និង iPhone 12 Pro អាចនឹងត្រូវដាក់លក់នៅថ្ងៃទី 23 ខែតុលា ឆ្នាំ 2020 ខណៈដែល iPhone 12 mini អាចនឹងត្រូវដាក់លក់នៅថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2020។ ចំណែកឯ iPhone 12 Pro Max វិញ អាចនឹងត្រូវដាក់លក់នៅថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2020។

អញ្ចឹងសរុបមកវិញ ទាំងអស់នេះគឺជាព័ត៌មានដែលយើងបានដឹង iPhone 12 Series មុនពេលពួកវាប្រកាសចេញផ្លូវការ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយខណៈពេលនេះ យើងក៏មិនទាន់អាចប្រាកដបានទាំងស្រុងដែរថា iPhone 12 Series នឹងបង្ហាញខ្លួនមកជាមួយលក្ខណៈសម្បត្តិដែលយើងបានរៀបរាប់ពីខាងលើទាំងអស់នោះដែរ ដូច្នេះយើងមានតែរង់ចាំតាមដានទាំងអស់គ្នា។

ប្រភព ៖ Cambo Report
38 Views

Read more

Comments